April 17, 2018

មនុស្ស​២៦​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ

រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA

ដោយ ទីន ហ្សាការីយ៉ា RFA 2018-04-16

គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ៣ ថ្ងៃ នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា មាន​ចំនួន ៥៥​ករណី ក្នុង​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២៦​នាក់ និង​របួសធ្ងន់​ស្រាល ៨១​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​ថយ​ចុះ។

កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​៣​ថ្ងៃ​ដូចគ្នា មាន​ចំនួន​៩៥​ករណី ដែល​មាន​មនុស្ស​ស្លាប់ ៤៣​នាក់ និង​រង​របួស​ស្រាល​ធ្ងន់​ជិត ១៨០​នាក់។

របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មេសា ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ រួមមាន​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធ​គ្នា ប្រជែង​គ្នា បើកបរ​ទាំង​ភាព​ស្រវឹង មិន​ប្រកាន់​ស្ដាំ និង​បើកបរ​ទាំង​ងងុយដេក​ជាដើម។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ដដែល បាន​បង្ហាញ​ថា រយៈពេល​១​ឆ្នាំ កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៣​ពាន់ ៥​រយ ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ជាង ១​ពាន់ ៧រយ នាក់ និង​របួស​ចំនួន​ជាង ៥​ពាន់ ៥​រយ​នាក់៕

No comments: