![]() |
សកម្មភាពពលរដ្ឋលេងទឹកតាមដងផ្លូវនៅសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី១៦ មេសា ឆ្នាំ២០១៨។ Photo Provided |
ដោយ ហេង សកល RFA 2018-04-16
សមត្ថកិច្ចខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ អះអាងថា ប្រជាពលរដ្ឋដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានសំខាន់ៗក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល២ថ្ងៃកន្លងមកមានចំនួនច្រើនកុះករជាងឆ្នាំមុនៗ។ មូលហេតុដែលមានមនុស្សច្រើននេះ ទំនងដោយសារអាជ្ញាធរខេត្តទាំង២ បង្កើតពិធីសង្ក្រាន្ត ស្វាគមន៍ឆ្នាំថ្មី ដើម្បីឲ្យពលរដ្ឋរាំលេងកម្សាន្តនៅក្នុងខេត្តរបស់ខ្លួន។ ចំណែកនៅខេត្តប៉ៃលិនឯណោះវិញពលរដ្ឋអះអាងថា បុណ្យប្រពៃណីជាតិឆ្នាំនេះ មានអ្នកដើរលេងតិចជាងឆ្នាំកន្លងទៅ។
ពលរដ្ឋនៅជាប់ព្រំដែនប្រទេសថៃ ខេត្តប៉ៃលិនលើកឡើងថា នៅតាមផ្ទះនិងតាមដងផ្លូវក្នុងខេត្តនេះមានមនុស្សធ្វើដំណើរជាធម្មតា ពោលគឺមិនច្រើនដូចនៅតាមបណ្ដាខេត្តផ្សេងៗនោះទេ។
ពលរដ្ឋនៅក្រុងប៉ៃលិនលោក ឃឹម ប៉ុន អះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ លោកមិនបានទៅដើរលេងឆ្ងាយពីផ្ទះនោះទេ គឺគ្រាន់តែបានទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅឯស្រុកសំឡូតហើយក៏ត្រឡប់មកផ្ទះវិញ។ អតីតពលរដ្ឋតំបន់ផ្ដាច់ខ្លួនរូបនេះបន្ថែមថា បើទោះជាលោកមិនបានដើរទៅណាឆ្ងាយក្ដី ប៉ុន្តែលោកសង្កេតឃើញថា នៅតាមភូមិមានប្រជាពលរដ្ឋជួបជុំគ្នាតាមផ្ទះតិចជាងឆ្នាំកន្លងទៅ ដែលមានអ្នកធ្វើដំណើរតាមដងផ្លូវច្រើនកុះករនោះ៖ «ពេលល្ងាចឃើញគេជួបជុំគ្នាតាមផ្លូវម្ដុំមុខវត្តភ្នំយ៉ាតដល់មុខសណ្ឋាគារចាស់ក្រៅពីនេះមិនឃើញមានមនុស្សលែងទេ។ និយាយរួមពីមួយទៅមួយស្ងាត់បន្តិចម្ដងៗ ខ្ញុំមើលទៅប្រហែលមកពីជីវភាពពួកគាត់លំបាកមិនប្រាក់សម្រាប់ដើរលែង»។
លោក ឃឹម ប៉ុន បន្ថែមទៀតថា អាជ្ញាធរខេត្តមួយនេះក៏មិនបានរៀបចំពិធីសង្ក្រាន្តធំដុំអីដែរ គឺគ្រាន់តែមានរៀបចំពិធីរាំលេងនៅតាមមន្ទីរនានាបន្តិចបន្តួចនៅថ្ងៃចូលឆ្នាំដំបូង ហើយក៏ស្ងាត់ទៅវិញ។
ចំណែកនៅខេត្តបាត់ដំបងឯណោះវិញ មានពលរដ្ឋទៅលែងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរច្រើនកុះករ ជាពិសេសនៅតាមរមណីយដ្ឋានសំខាន់ៗ ដូចជានៅប្រាសាទបាណន់ រមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយ និងរមណីយដ្ឋានប្រាសាទឯកភ្នំជាដើម។
ស្នងការរងនគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណី មានប្រសាសន៍ថា ក្រៅអំពីតំបន់រមណីយដ្ឋានទាំងនេះហើយ ពលរដ្ឋក៏បាននាំគ្នាទៅលេងនៅក្នុងពិធីសង្ក្រាន្ត ដែលរៀបចំនៅបរិវេណមុខវិទ្យាល័យ នេត យ៉ង់ ជាប់រង្វង់មូលលោកតាដំបងក្រញូង យ៉ាងច្រើនកុះករដែរ។
លោកអះអាងថា នៅក្នុងពិធីសង្ក្រាន្តនេះ មានប្រដាល់បុរាណខ្មែរ មានល្បែងប្រជាប្រិយជាច្រើនប្រភេទ ព្រមទាំងមានឡានទឹកពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តបាត់ដំបងចំនួន៣គ្រឿងបានដាក់ប្រចាំការ សម្រាប់បាញ់ទឹកជូនអ្នកចូលរាំលេងកម្សាន្តជារៀងរាល់ថ្ងៃទៀតផង។ លោកស្នងរងរូបនេះបន្ថែមទៀតថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានមនុស្សមកលេងក្នុងខេត្តនេះយ៉ាងច្រើនកុះករ ហើយពុំមានក្រុមក្មេងទំនើងបង្កបញ្ហាក្នុងពិធីរាំលេងនោះទេ៖ «ក្នុងការដើរលែងទាំងគ្រោះថ្នាក់ចរាចរទាំងការអនុវត្ត ខ្ញុំគិតថាបងប្អូនមកដើរលែងកម្សាន្ត ខាងខេត្តបានរៀបចំសណ្ដាប់ធ្នាប់ បានដាក់កម្លាំងការពារជូនពលរដ្ឋឲ្យពួកគាត់បានធ្វើដំណើរបានស្រួល ហើយអ្នកទៅលេងតាមរមណីយដ្ឋានគឺ មិនមានភាពរញ៉េរញ៉ៃទេ»។
លោក ជេត វណ្ណី ឲ្យដឹងទៀតថា រយៈពេល២ថ្ងៃគឺចាប់ពីទី១៤ ដល់ទី១៥ មានភ្ញៀវ ទេសចរណ៍ជាតិនិងអន្តរជាតិទៅលេងកម្សាន្តនៅក្នុងខេត្តមួយនេះ ចន្លោះ ប្រមាណពី១៩ ទៅ ២៣ម៉ឺននាក់ ហើយនៅថ្ងៃទី១៦ មេសា លោកថា ក៏នៅតែមានមនុស្សទៅលេងច្រើនកុះករដូចថ្ងៃដំបូងដែរ។
ទោះជាយ៉ាងនេះក្ដី ចៅសង្កាត់ព្រែកព្រះស្ដេច ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ខាន់ ប៊ុនផែង មានប្រសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ លោកមិនសប្បាយចិត្តនោះទេ ហើយក៏មិនបានទៅដើរលេងដូចគេឯងនោះដែរ ព្រោះលោកខ្វល់ខ្វាយរឿង ដែលរបបលោកហ៊ុន សែន ប្លន់យកអំណាចពីលោក ដែលធ្វើឲ្យលោកបាត់បង់ឱកាសបម្រើម្ចាស់ឆ្នោត ខណៈដែលពួកគាត់កំពុងតែមានកង្វល់ ហើយត្រូវការលោកដើម្បីឲ្យជួយដោះស្រាយជូនពួកគាត់នោះ។
មន្ត្រីគណបក្សប្រឆាំងរូបនេះអះអាងទៀតថា ពលរដ្ឋនៅតែមានកំហឹងចំពោះអ្នកដែលដកលោកចេញពីតំណែងមិនទាន់ឈប់នៅឡើយ៖ «បើសិនជាយើងនៅធ្វើការធម្មតាមិនអីទេដល់គេដកដំណែងដកតួនាទីខ្ញុំអស់រលីង គេបណ្ដេញខ្ញុំចេញពីសាលាសង្កាត់មកនៅផ្ទះវិញ គឺមិនល្អទេ។ចំណែកពលរដ្ឋវិញគាត់ឈឺចាប់កាន់តែខ្លាំងឡើង ព្រោះអីបាត់បង់អ្នកដែលពួកគាត់បោះឆ្នោតឲ្យ ហើយធ្វើឲ្យពួកគាត់មានការខឹងសម្បារកាន់តែខ្លាំងឡើង»។
រីឯប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យឯណោះវិញ លោក ឈឿន សេរីវុធ មានប្រសាសន៍ថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តខេត្តនេះច្រើនជាងឆ្នាំមុនៗ ជាពិសេសតំបន់រមណីយដ្ឋាន កន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅសួនច្បារទីរួមខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតជាដើម។ លោក ឈឿន សេរីវុធ អះអាងទៀតថា នៅថ្ងៃទី១៦ មេសា ប្រជាពលរដ្ឋបន្តទៅលែងកម្សាន្តនៅប្រាសាទបន្ទាយឆ្មារ និងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក យ៉ាងច្រើនកុះករ៖ «អូ!ខុសគ្នាច្រើន២ថ្ងៃបើនៅសួនមានជ័យខុសច្រើនមែនទែន ព្រោះមានមនុស្សមកលេងប្រមាណជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ ចំណែកប្រាសាទបន្ទាយឆ្មារ២ថ្ងៃកន្លងមកមិនសូវមានមនុស្សទេ ប៉ុន្តែថ្ងៃទី១៦ មេសា មានមនុស្សមកលងច្រើនកកកុញតែម្ដង ហើយមកលែងភាគច្រើនភ្ញៀវ ជាតិមកពីខេត្តជិតខាងផង និងអ្នកនៅខេត្តបន្ទាយមានជ័យផង»។
ទោះជាយ៉ាងណាក៏ដោយចុះ មន្ត្រីស្រាវជ្រាវអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក យ៉ាត កម្សាន្ត កត់សំគាល់ថា បុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ មានពលរដ្ឋទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានច្រើនជាងឆ្នាំកន្លងទៅក៏ពិតមែន ក៏ប៉ុន្តែលោក យ៉ាត កម្សាន្ត ថា អាជ្ញាធរហាក់មិនបានរៀបចំសមត្ថកិច្ចប្រចាំការនៅតាមដងផ្លូវ ដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើរនោះទេ។ លោកអះអាងទៀតថា អ្នកធ្វើដំណើរតាមដងផ្លូវប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតជាងឆ្នាំមុនៗ ព្រោះបើកបរភាគច្រើនប្រជែងគ្នាតាមដងផ្លូវដូចគោ ហ្វូង ជាពិសេសក្រុមយុវជនបើកបរម៉ូតូតែម្ដង។ «»
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ មេសា ជាង៦៦ម៉ឺននាក់ កើន ជាង២៩ បើធៀបនឹងឆ្នាំ២០១៧ មានជាង ៥១ម៉ឺននាក់ (៥១០,០០០) ក្នុងនោះភ្ញៀវជាតិ ប្រមាណ ៦៥ម៉ឺននាក់គឺកើនឡើង៣០ភាគរយ បើប្រៀបនឹងឆ្នាំ២០១៧ ដែលមានប្រមាណ ៥០ម៉ឺននាក់ ហើយភ្ញៀវអន្តរជាតិជាង ១ម៉ឺន៣ពាន់ (១៣.០៣៦) កើនឡើង ០.០៣ភាគរយ ធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ១ម៉ឺន ៣ពាន់នាក់(១៣,០៣២)នាក់។
របាយការណ៍ឲ្យដឹងទៀតថា បុណ្យចូលឆ្នាំថ្ងៃដំបូង មានភ្ញៀវទេសចរទៅកម្សាន្តនៅតាមរមណីយដ្ឋានទូទាំងប្រទេស សរុបជាង ១លាននាក់ (១,០៨០,០០០) គឺកើនឡើងប្រមាណ ២៦ភាគរយ ក្នុងនោះភ្ញៀវជាតិប្រមាណ ១លាននាក់ (១,០៥៦,០០០) កើនឡើងជាង ២៨ភាគរយ ហើយភ្ញៀវអន្តរជាតិប្រមាណ ២ម៉ឺន ៤ពាន់នាក់ (២៤,០០០) កើនឡើងជាង ២១ភាគរយ៕
No comments:
Post a Comment